សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


29 November, 2020

ភាពតានតឹងរវាងចិននិងតៃវ៉ាន់ កំពុងឈានដល់កម្រិតខ្ពស់បំផុត?

ចំនួនអ្នកទស្សនា: Views


 (តៃប៉ិ)៖ នៅលើបណ្តោយឆ្នេរនៃកោះ Kinmen របស់តៃវ៉ាន់ គេសង្កេតឃើញអន្ទាក់រថក្រោះជាច្រើន ដែលជាការក្រើនរំឮកថា តៃវ៉ាន់រស់នៅក្រោមការគំរាមកំហែងជាប់ជានិច្ចនៃការលើកកម្លាំងទ័ពឈ្លានពានពី

សំណាក់ប្រទេសចិន ខណៈភាពតានតឹងរវាងភាគីទាំងពីរនាបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា កំពុងស្ថិតនៅខ្ពស់បំផុតមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាច្រើនទសវត្សរ៍មកនេះ តៃវ៉ាន់បានរៀនរស់នៅជាទម្លាប់ទៅហើយជាមួយការព្រមានរបស់មេដឹកនាំចិនដែលថា ពួកគេត្រៀមលក្ខណៈជានិច្ច ដើម្បីដណ្តើមយកដែនដី ដែលចិនចាត់ទុកថាជាផ្នែករបស់ខ្លួន។ ប៉ុន្តែឥឡូវភាពតានតឹងរវាងតៃវ៉ាន់និងចិន ហាក់បានឈានដល់កម្រិតខ្លាំងមួយ តាមរយៈការចល័តក្រុមយន្តហោះយោធាចិនកាន់តែជ្រៅទៅៗចូលមកក្បែរតៃវ៉ាន់ ព្រមទាំងការចេញវីដេអូរបស់កងទ័ពចិន ស្តែងពីការឈ្លានពានលើកោះតៃវ៉ាន់ និងការវាយប្រហារលើមូលដ្ឋានអាមេរិក នៅកោះហ្គាំថែមទៀត។

និស្សិតតៃវ៉ាន់ម្នាក់នៅកោះ Kinmen របស់តៃវ៉ាន់ បាននិយាយថា ចិនកំពុងតែខឹងសម្បារជាមួយចិន និងធ្វើសកម្មភាពកាន់តែកាចឡើងៗ ហើយរូបគេមានក្តីបារម្ភជាខ្លាំងអំពីលទ្ធភាពនៃការផ្ទុះឡើងនូវ ជម្លោះប្រដាប់អាវុធរវាងភាគីទាំងពីរ។ កោះ Kinmen ដែលមានប្រជាជនរស់នៅប្រហែល១៤០,០០០នាក់ ស្ថិតនៅចម្ងាយត្រឹមជាង៣គីឡូម៉ែត្រប៉ុណ្ណោះពីចិនដីគោក។ ប្រសិនបើដល់ថ្ងៃដែលចិនលើកទ័ពឆ្លងច្រកសមុទ្រតៃវ៉ាន់មែននោះ ពួកគេច្បាស់ជានឹងចូលកាន់កាប់ Kinmen មុន។

តាំងតែពីដើមមកទីក្រុងប៉េកាំង បានប្រើយុទ្ធសាស្រ្តលួងផងនិងគំរាមផងជាមួយតៃវ៉ាន់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការលួងលោមគឺហាក់បានរលាយបាត់ស្ទើរទាំងស្រុង។ ចាប់តាំងតែពីតៃវ៉ាន់បានបោះឆ្នោតជ្រើសរើសលោកស្រី ត្សៃ អ៉ីងវិន ជាប្រធានាធិបតីកាលពី៤ឆ្នាំមុនមក ចិនបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ហើយផ្តោតដាក់សម្ពាធគ្រប់ផ្នែក ក្រោមគោលដៅជំរុញឲ្យតៃវ៉ាន់រើសមេដឹកនាំ ដែលមាននិន្នាការរាក់ទាក់រដ្ឋាភិបាលទីក្រុងប៉េកាំងជាងមុន។ ប៉ុន្តែចិនមិនបានសម្រេចដូចបំណងឡើយ គឺលោកស្រី ត្សៃ បានជាប់មួយអាណត្តិទៀតកាលពីខែមករា ដើមឆ្នាំនេះ។

ដោយសារតែបរាជ័យក្នុងការជម្នះយកបេះដូងរបស់តៃវ៉ាន់នេះហើយ ទើបប្រហែលជាប្រធានាធីបតីចិន លោក ស៉ី ជិនពីង បានប្រកាន់យកគោលជំហរអរិភាពបំផុតចំពោះតៃវ៉ាន់ គិតតាំងពីសម័យលោក ម៉ៅ សេទុង មក។ លោក ស៉ី មិនបានលាក់បាំងអ្វីបន្តិចឡើយចំពោះគោលដៅលោក។ លោកប្រធានាធិបតីចិន បានចាត់ទុកការចូលគ្រប់គ្រងកោះតៃវ៉ាន់ គឺជាតម្រូវការចាំបាច់ដែលមិនអាចជៀសរួចដើម្បីអនាគតប្រជាជនចិនទាំងអស់។

កំឡុងទស្សនកិច្ចកាលពីខែតុលាកន្លងទៅ ទៅកាន់មូលដ្ឋានយោធាចិនមួយកន្លែង លោក ស៉ី ជិនពីង បានប្រាប់កងទ័ពឲ្យត្រៀមលក្ខណៈសម្រាប់សង្រ្គាមថែមទៀតផង។ អតីតប្រធានផ្នែកស៉ើបការណ៍សម្ងាត់របស់ កងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៉ីហ្វិក លោក James Fanell បាននិយាយថា នៅ១០ឆ្នាំខាងមុខ ចិនអាចនឹងធ្វើសកម្មភាពក្នុងទម្រង់ណាមួយលើតៃវ៉ាន់។

លោក Fanell បានបន្តថា លោកបានមើលឃើញចិនប្រែក្លាយពីមានកងទ័ពជើងទឹកដែលមានសមត្ថភាពទន់ខ្សោយ និងមិនអាចទៅណាឆ្ងាយពីឆ្នេរខ្លួនបាន ទៅជាកងទ័ពជើងទឹកមួយដែលមានសមត្ថភាពធ្វើប្រតិបត្តិការបាននៅជុំវិញពិភពលោក និងប្រើប្រាស់អាវុធទំនើបៗ ហើយមានចំនួននាវាច្រើនគ្រឿងជាងអាមេរិកថែមទៀត។

បើតាមលោក Fanell មូលហេតុដែលធ្វើឲ្យការរចនាគោលនយោបាយរបស់ចិនចំពោះតៃវ៉ាន់ មានលក្ខណៈគ្រោះថ្នាក់ខ្លាំងនាពេលនេះ ធៀបនឹងភាពតានតឹងនាពេលកន្លងៗមក គឺចិនឥឡូវប្រហែលជាមានអំណាចយោធាខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីសង្រ្គប់យកតៃវ៉ាន់ តែទោះជាយ៉ាងណា ការឈ្លានពានណាមួយក៏នឹងធ្វើឲ្យចិនត្រូវលះបង់តម្លៃក្នុងទំហំមិនតូចនោះដែរ។

ពាក់ព័ន្ធថាតើ អាមេរិកនឹងចូលខ្លួនមកជួយតៃវ៉ាន់ដែរឬអត់វិញ ក្នុងករណីតៃវ៉ាន់រងការវាយប្រហារពីចិននោះ គឺនៅមិនទាន់ច្បាស់ទេ។ ដោយខុសពីជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម តៃវាន់មិនមានសន្ធិសញ្ញាការពារគ្នាជាមួយអាមេរិកឡើយ។ ប៉ុន្តែទីក្រុងវ៉ាស៉ីនជាប់កាតព្វកិច្ចពីសភាជាតិខ្លួន ត្រូវលក់សព្វាវុធដល់តៃវ៉ាន់ ដើម្បីឲ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯង ហើយអាមេរិកប្រកាន់យកជំហរប្រឆាំងជាដាច់ខាត ចំពោះការផ្លាស់ប្តូរដោយបង្ខិតបង្ខំណាមួយទៅលើឋានៈរបស់តៃវ៉ាន់។ គោលនយោបាយនេះ ត្រូវបានរចនាឡើង ដើម្បីបញ្ចៀសការឈ្លានពានលើតៃវ៉ាន់ ដោយមិនប្រឈមមុខជាមួយចិនដោយផ្ទាល់៕